អ្វី​ជា​វិបស្សនា?

វិបស្សនា ដែល​មានន័យថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​កម្មដ្ឋាន​ពិនិត្យ​មើល​ខ្លួនឯង​មួយ ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​ជាង 2500 ឆ្នាំ​មុន ជា​វិធី​ព្យាបាល​សាកល​ចំពោះ​ជំងឺ​សាកល ពោល​គឺ​ជា សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ។


បច្ចេកទេស​មិន​ប្រកាន់​និកាយ​នេះ​មាន​គោលបំណង​គាស់​រំលើង​ភាពសៅហ្មង​នៃ​ចិត្ត​ទាំងស្រុង និង ផ្តល់​លទ្ធផល​ជា​សុភមង្គល​ខ្ពស់​បំផុត​នៃ​ការរួច​រដោះ​ពេញ​បរិបូណ៌។ ការរំដោះ​ខ្លួន​ពី​ទុក្ខ​ទាំងអស់​របស់​មនុស្ស​លោក​គឺ​ជា​គោលបំណង​នៃ​បច្ចេកទេស​កម្មដ្ឋាន​នេះ វា​មិនមែន​ត្រឹមតែ​ជា​ការព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ។

វិបស្សនា​គឺ​ជា​បច្ចេកទេស​អនុវត្ត​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​ដឹកនាំ​ជីវិត​របស់​ពួកគេ​ប្រកប​ដោយ​តុល្យភាព​កាន់តែ​វិជ្ជមាន​និង​កាន់តែ​មាន​សុភមង្គល។ បច្ចេកទេស​អនុវត្ត​តាមរយៈ​ការយល់ដឹង​ពី​ខ្លួនឯង​នេះ​គឺ​មាន​លក្ខណៈ​សាកល ហើយ​នឹង​មិន​ជាប់ទាក់ទង​ជាមួយ​លទ្ធិ ឬ​ក៏​និកាយ​សាសនា​ណា​មួយ​ឡើយ។

តើ​គេ​រៀន​វិបស្សនា​ដូចម្ដេច?

បច្ចេកទេស​វិបស្សនា​កម្មដ្ឋាន​ត្រូវ​បាន​បង្រៀន​ក្នុង​វគ្គសិក្សា 10 ថ្ងៃ ដែល​ក្នុង​អំឡុងពេល​នោះ សិស្ស​នឹង​រៀន​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​បច្ចេកទេស​នេះ ព្រមទាំង​អាច​អនុវត្ត​បាន​គ្រប់គ្រាន់​ដើម្បី​ពិសោធ​អំពី​លទ្ធផល​ដ៏​មាន​ប្រយោជន៍​នៃ​បច្ចេកទេស​នេះ។ សិស្ស​ដែល​ចូលរួម​មិន​ត្រូវការ​បទពិសោធន៍​ពីមុន​អ្វី​ឡើយ។ បន្ទាប់​ពី​ពិនិត្យ​មើល សេចក្ដីណែនាំ​អំពី​បច្ចេកទេស សម្រាប់​ការចូលរួម​ក្នុង​វគ្គសិក្សា​វិបស្សនា ព្រមទាំង​ពិនិត្យ​កាលវិភាគ​នៃ​វគ្គសិក្សា​រួច​ហើយ អ្នក​អាច​ស្នើសុំ​ចូលរួម​វគ្គសិក្សា​មួយ​បាន។

នៅ​កន្លែង​ណា?

ធម្មលដ្ឋិកា គឺ​ជា​មជ្ឈមណ្ឌល​វិបស្សនា​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​វិបស្សនា​ជាច្រើន​នៅលើ​ពិភពលោក ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បដិបត្តិ វិបស្សនា​កម្មដ្ឋាន តាម​ការបង្រៀន​ដោយ ស.ន. ហ្គោឥនកា

មាន​មជ្ឈមណ្ឌល​វិបស្សនា​ជាច្រើន​ទៀត​នៅ​គ្រប់​កន្លែង​លើ​ពិភពលោក ដែល​អ្នក​អាច​ពិនិត្យ​មើល​តាម​វិបសៃ​អន្តរជាតិ www.dhamma.org

ហិរញ្ញវត្ថុ​នៃ​វគ្គសិក្សា

វគ្គសិក្សា​នានា​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​មាន​ការបរិច្ចាគ​ទាន​ប៉ុណ្ណោះ។ ឥត​មាន​ការគិត​ថ្លៃ​ចំពោះ​វគ្គសិក្សា​ឡើយ សូម្បី​តែ​ថ្លៃ​ម្ហូប​អាហារ​និង​ការស្នាក់នៅ​ក៏​ដោយ។ សោហ៊ុយ​ចំណាយ​ទាំងអស់​ត្រូវ​បាន​រ៉ាប់រង​ដោយ​ការបរិច្ចាគ​ទាន​ពី​សិស្ស​ចាស់​ដែល​ធ្លាប់​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ ម្ដង​ហើយ និង បាន​ទទួល​ផលប្រយោជន៍​ពី​វិបស្សនា ព្រមទាំង​មាន​បំណង​ចង់​ផ្តល់​ជូន​អ្នកដទៃ​នូវ​ឱកាស​ដើម្បី​ទទួល​ផលប្រយោជន៍​នេះ​ផងដែរ។ ទាំង​គ្រូ និង គ្រូ​ជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។