“វិបស្សនា​កម្មដ្ឋាន”


វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​បច្ចេកទេស​កម្មដ្ឋាន​នេះ​ឡើង​វិញ​កាល​ពី​ជាង 2500 ឆ្នាំ​មុន​នេះ ហើយ​ព្រះអង្គ​បាន​បង្រៀន​បច្ចេកទេស​នេះ​ជា​ឱសថ​សាកល​សម្រាប់​ព្យាបាល​ជំងឺ​សាកល ដែល​អាច​និយាយ​បាន​ថា​ជា សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ។ បច្ចេកទេស​មិន​ប្រកាន់​និកាយ​នេះ​មាន​គោលបំណង​គាស់​រំលើង​ភាពសៅហ្មង​នៃ​ចិត្ត​ទាំងស្រុង និង ផ្តល់​លទ្ធផល​ជា​សុភមង្គល​ខ្ពស់​បំផុត​នៃ​ការរួច​រដោះ​ពេញ​បរិបូណ៌។ ការរំដោះ​ខ្លួន​ពី​ទុក្ខ​ទាំងអស់​របស់​មនុស្ស​លោក​គឺ​ជា​គោលបំណង​នៃ​បច្ចេកទេស​កម្មដ្ឋាន​នេះ វា​មិនមែន​ត្រឹមតែ​ជា​ការព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ។

វិបស្សនា​គឺ​ជា​បច្ចេកទេស​នៃ​ការផ្លាស់ប្តូរ​ខ្លួនឯង​តាមរយៈ​ការពិនិត្យ​មើល​ដោយ​ខ្លួនឯង។ បច្ចេកទេស​នេះ​ផ្តោត​ទៅ​លើ​អន្តរកម្ម​រវាង​ចិត្ត និង កាយ​នៅ​ទី​ជម្រៅ ដែល​អាច​ពិសោធ​ឃើញ​ផ្ទាល់​តាម​រយៈ​ការផ្ចង់​សតិ​ត្រឹមត្រូវ​ទៅ​លើ​កាយ​វេទនា​ដែល​ជា​ជីវិត​នៃ​កាយ ហើយ​ដែល​ធ្វើ​អន្តរកម្ម​ជាប់​រហូត និង តាក់​តែង​ជីវិត​របស់​ចិត្ត។ គឺ​ជា​ដំណើរ​រុករក​ខ្លួនឯង​ផ្អែក​លើ​ការពិនិត្យ​មើល​ដល់​ឫសគល់​នៃ​ចិត្ត និង កាយ​ដែល​រំលាយ​ភាពសៅហ្មង​នៃ​ចិត្ត និង នាំ​ឲ្យ​ចិត្ត​មាន​តុល្យភាព ពោរពេញ​ដោយ​មេត្តា និង ករុណា។

ច្បាប់​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​គំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនា​របស់​បុគ្គល​ម្នាក់​ប្រែ​ទៅ​ជា​ច្បាស់​ឡើងៗ។ តាមរយៈ​បទពិសោធន៍​ផ្ទាល់ នាំ​ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​អំពី​ធម្មជាតិ​នៃ​របៀប​ដែល​គេ​រីក​ចម្រើន ឬ ថយក្រោយ ព្រមទាំង​របៀប​ដែល​គេ​បង្កើត​ទុក្ខ ឬ រំដោះ​ខ្លួន​ចេញ​ពី​ទុក្ខ។ ជីវភាព​ប្រែ​ទៅ​ជា​មាន​សតិ​ដឹង​ច្រើន គ្មាន​សេចក្តី​ភាន់​ច្រឡំ មាន​ការត្រួតត្រា​លើ​ខ្លួនឯង និង មាន​សន្តិភាព។


ប្រពៃណី

ចាប់តាំង​ពី​ពុទ្ធ​សម័យ​មក វិបស្សនា​ត្រូវ​បាន​បង្រៀន​រហូត​មក​ដល់​សព្វថ្ងៃ តាមរយៈ​ខ្សែ​តំណ​នៃ​គ្រូ​ទាំងឡាយ​ជាប់​មិន​ដាច់។ ទោះបីជា​មាន​ប្រភព​ដើម​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយ លោក ស.ន. ហ្គោឥនកាដែល​ជា​គ្រូ​អាចារ្យ​បច្ចុប្បន្ន​ក្នុង​ខ្សែ​តំណ​នេះ បាន​កើត និង ធំ​ចម្រើន​ឡើង​នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា)។ ពេល​រស់នៅ​ក្នុង​ប្រទេស​ភូមា លោក​មាន​ភ័ព្វ​សំណាង​ល្អណាស់​ដែល​បាន​រៀន​បច្ចេកទេស​វិបស្សនា​ពី​គ្រូអាចារ្យ​របស់​លោក​គឺ លោក សាយាគ្យី អ៊ូបាឃិន ដែល​នៅ​ពេល​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់។ បន្ទាប់​ពី​បាន​ទទួល​ការបណ្តុះ​បណ្តាល​ពី​គ្រូអាចារ្យ​របស់​លោក​អស់​រយៈពេល 14 ឆ្នាំ មក លោក ហ្គោឥនកា បាន​មក​រស់នៅ​ប្រទេស​ឥណ្ឌា និង បាន​ចាប់ផ្តើម​បង្រៀន​វិបស្សនា​ក្នុង​ឆ្នាំ 1969។ ចាប់តាំង​ពី​ពេល​នោះ លោក ហ្គោឥនកា បាន​បង្រៀន​មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ពូជសាសន៍ និង សាសនា​ផ្សេងៗ​គ្នា ទាំង​នៅ​ប៉ែក​ខាង​កើត ទាំង​នៅ​លោក​ខាង​លិច។ នៅ​ឆ្នាំ 1982 លោក​បាន​ចាប់​តែង​តាំង​គ្រូជំនួយ​ជា​ច្រើន​ដើម្បី​ជួយ​លោក ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​វគ្គសិក្សា​វិបស្សនា​កាន់​តែ​ច្រើន​ឡើងៗ។


វគ្គសិក្សា

បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​ក្នុង​វគ្គសិក្សា​នៅ​មជ្ឈមណ្ឌល​ចំនួន 10 ថ្ងៃ ដែល​ក្នុង​អំឡុងពេល​នោះ អ្នកចូលរួម​ត្រូវ​គោរព ច្បាប់​វិន័យ, រៀន​បច្ចេកទេស​មូលដ្ឋាន និង ប្រតិបត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​លទ្ធផល​ល្អ​នៃ​បច្ចេកទេស​នេះ។

វគ្គសិក្សា​ត្រូវការ​ការប្រឹងប្រែង​យ៉ាង​ខ្លាំង និង ហ្មត់ចត់។ មាន​ជំហាន​បី​ដែល​ត្រូវ​ហ្វឹកហ្វឺន។ ជំហាន​ទី​មួយ​គឺ ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា ត្រូវ​វៀរចាក​ការសម្លាប់, ការលួច, ការប្រព្រឹត្ត​កាម, ការនិយាយ​មិន​ពិត ព្រមទាំង​ការសេព​គ្រឿង​ញៀន និង គ្រឿង​ស្រវឹង។ ច្បាប់​វិន័យ​សាមញ្ញ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ ដែល​ពុំ​នោះ​សោត វា​អន្ទះ​អន្ទែង​ខ្លាំង​ពេក មិន​អាច​ធ្វើ​កិច្ចការ​នៃ​ការពិនិត្យ​មើល​ខ្លួនឯង​បាន​ទេ។ ជំហាន​បន្ទាប់​គឺ​បណ្តុះ​បណ្តាល​ការត្រួតត្រា​លើ​ចិត្ត​ដោយ​ការរៀន​ផ្ចង់​សតិ​របស់​ខ្លួន​ទៅ​លើ​ភាពពិត​ធម្មជាតិ ផ្លាស់ប្តូរ​ជានិច្ច​នៃ​ចរន្ត​ដង្ហើម នៅពេល​វា​ចូល និង ចេញ​តាម​រន្ធ​ច្រមុះ។ នៅ​ថ្ងៃ​ទី 4 ចិត្ត​បាន​ស្ងប់​គ្រាន់បើ និង កាន់​តែ​ឆាប់​ចាប់​អារម្មណ៍ ដែល​អាច​នាំ​ឲ្យ​ប្រតិបត្តិ​វិបស្សនា​តែម្តង៖ ការអង្កេត​លើ​វេទនា​ពាស​ពេញ​កាយ, ការយល់​ធម្មជាតិ​នៃ​វេទនា​នោះ និង ការបង្កើត​ភាពឧបេក្ខា​ដោយ​ការរៀន​មិន​ធ្វើ​ប្រតិកម្ម​ចំពោះ​វេទនា​ទាំងនោះ។ ចុង​បញ្ចប់ ពេញ​មួយ​ថ្ងៃ​ចុង​ក្រោយ សិស្ស​ទាំងអស់​រៀន​អំពី​មេត្តា​ភាវនា ឬ សុឆន្ទៈ​ចំពោះ​សព្វសត្វ ក្នុង​នោះ ភាពបរិសុទ្ធ​ដែល​បាន​រីក​ចម្រើន​ក្នុង​អំឡុង​វគ្គសិក្សា ត្រូវ​បាន​ចែក​រំលែក​ជាមួយ​សព្វសត្វ​ផងដែរ។

ការប្រតិបត្តិ​ទាំងស្រុង​គឺ​ជា​ការហ្វឹកហ្វឺន​ចិត្ត​ជាក់ស្តែង។ ដូចជា​យើង​ប្រើ​ការហាត់​ប្រាណ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​កាយ​ប្រសើរ​ឡើង យើង​ក៏​អាច​ប្រើ​វិបស្សនា​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​ដែរ។

ដោយ​គេ​បាន​ឃើញ​ថា បច្ចេកទេស​នេះ​មាន​ប្រយោជន៍​ពិត​ប្រាកដ ដូច្នេះ​គេ​សង្កត់​យ៉ាង​ខ្លាំង​លើ​ការរក្សា​បច្ចេកទេស​នេះ​តាម​ទម្រង់​ដើម​ពិត​ប្រាកដ​របស់​វា។ បច្ចេកទេស​នេះ​មិន​ត្រូវ​បង្រៀន​ក្នុង​គោលបំណង​អាជីវកម្ម​ឡើយ គឺ​ត្រូវ​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ។ ឥត​មាន​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការបង្រៀន​បច្ចេកទេស​នេះ​ទទួលកម្រៃ​សម្ភារៈ​អ្វី​មួយ​ឡើយ។ ឥត​មាន​ការគិត​ថ្លៃ​ចំពោះ​វគ្គសិក្សា​ឡើយ សូម្បី​តែ​ថ្លៃ​ម្ហូប​អាហារ និង ការស្នាក់នៅ​ក៏​ដោយ។ ការចំណាយ​ទាំងអស់​ត្រូវ​បាន​រ៉ាប់រង​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ផលប្រយោជន៍​ពី​វិបស្សនា ហើយ​ចង់​ផ្តល់​ឱកាស​ឲ្យ​អ្នកដទៃ​ទទួល​ផលប្រយោជន៍​ពី​បច្ចេកទេស​នេះ​ផងដែរ។

ពិត​ណាស់ លទ្ធផល​អាច​ទទួល​បាន​ជា​បន្តបន្ទាប់​តាមរយៈ​ការប្រតិបត្តិ​ជាប់​រហូត។ វា​ពិត​ជា​មិន​អាច​រំពឹង​បាន​ថា បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ក្នុង​រយៈពេល 10 ថ្ងៃ​នុ៎ះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក្នុង​អំឡុងពេល​នោះ គេ​អាច​ចេះ​មូលដ្ឋាន​គ្រឹះ​នៃ​វិបស្សនា ដើម្បី​ឲ្យ​គេ​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ កាលណា​គេ​ប្រតិបត្តិ​បច្ចេកទេស​នេះ​កាន់​តែ​បាន​ច្រើន គេ​នឹង​អាច​រួច​រដោះ​ពី​ទុក្ខ​បាន​កាន់​តែ​ច្រើន​ឡើង​ដែរ ហើយ​គេ​នឹង​អាច​ទៅ​កាន់​តែ​ជិត​ដល់​គោលដៅ​ទី​បំផុត​នៃ​ការរួច​រដោះ​ពេញ​បូរិបូរណ៌។ ទោះ​បី 10 ថ្ងៃ ក៏អាច​ផ្តល់​នូវ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ និង មាន​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ដែរ។

យើង​សូម​ស្វាគមន៍​អ្នក​ដែល​ស្មោះត្រង់​ទាំងអស់​ឲ្យ​ចូលរួម​វគ្គសិក្សា​វិបស្សនា​ដើម្បី​ឃើញ​ដោយ​ខ្លួនឯង​ផ្ទាល់​ថា​តើ​បច្ចេកទេស​នេះ​មាន​ដំណើរការ​ដូចម្តេច និង ដើម្បី​វាស់​ផល​ប្រយោជន៍​ផ្សេងៗ។ អ្នក​ទាំងអស់​ដែល​សាកល្បង​នឹង​ឃើញ​ថា​វិបស្សនា​គឺ​ជា​បច្ចេកទេស​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​អាច​សម្រេច និង ចែករំលែក​សុភមង្គល​ពិត​ប្រាកដ​ជាមួយ​អ្នកដទៃ។